ស្រុកបន្ទាយស្រីសូមស្វាគមន៍
ប្រាសាទបន្ទាយស្រីគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលស្អាតបំផុតនៅតំបន់អង្គរ ហើយឈ្មោះស្រុកក៍ដាក់ដូចឈ្មោះប្រាសាទនេះផងដែរ។ ប៉ុន្តែស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍ជាច្រើនទៀតលើសពីប្រាសាទ ពោលគឺ ភ្ញៀវទេសចរណ៍អាចទទួលបានបទពិសោធន៍នៃជីវិតពិតដោយគ្រាន់តែធ្វើដំណើរចេញពីតំបន់ទេសចរណ៍ដ៏អ៊ូអរក្នុងក្រុងសៀមរាប។ គ្រាន់តែចំណាយពេលបន្ថែមទស្សនាបេះដូងស្រុកបន្ទាយស្រី នឹងអាចស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋលើសពីប្រាសាទ និង ទទួលបានបទពិសោធន៍ជាក់ស្តែងផ្សេងៗទៀតក្នុងពេលដើរកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា។
ស្នាក់នៅបន្ថែមមួយថ្ងៃទៀតដើម្បីទស្សនាតំបន់ទេសចរណ៍ទាំងនេះ ដោយសារស្រុកបន្ទាយស្រីមានផ្ទះស្នាក់ដែលមានច្រើនជម្រើសចាប់ពីផ្ទះស្នាក់លក្ខណៈបុរាណនៅតាមសហគមន៍ រហូតដល់ផ្ទះស្នាក់លំដាប់ប៊ូទិកជាដើម។ លើសពីនេះទៀត ភោជនីយដ្ឋានជាច្រើនក្នុងស្រុក លក់ម្ហូបខ្មែរ រួមទាំងនំបញ្ចុកដែលគេនិយមច្រើន។ ភ្ញៀវក៏អាចរៀនពីរបៀបចំអិនម្ហូបនៅតាមផ្ទះស្នាក់ផងដែរ។
ស្វែងយល់ពីសកម្មភាពផ្សេងៗក្នុងជីវភាពរបស់ប្រជាពលរដ្ឋ រួមមានការដើរទស្សនាភូមិដ្ឋាន កសិដ្ឋាន ជិះរទេះគោ និងជិះទូកមើលទេសភាពធម្មជាតិជាដើម។ ការដើរកំសាន្តមើលព្រៃព្រឹក្សា កន្លែងសក្ការនានា និងការជិះកង់កំសាន្ត អាចចាប់ផ្តើមចេញពីការឡើងភ្នំ និងការជិះកង់ឆ្លងកាត់ភូមិមួយទៅភូមិមួយទៀត។ ពេលដែលនឹកដល់ធម្មជាតិ បន្ទាយស្រីមានមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ និងសារៈមន្ទីរមីនកម្ពុជាដ៏ល្បីល្បាញដែលបង្ហាញពីប្រវត្តិសាស្រ្តសង្រ្គាមនៅកម្ពុជា។ ប្រសិនបើប្រាសាទបន្ទាយស្រីគឺជាត្បូងដ៏មានតម្លៃនៅតំបន់អង្គរ នោះស្រុកប្រាសាទបន្ទាយស្រីពិតជាត្បូងសម្រាប់ខេត្តសៀមរាប។