សិប្បករបុរាណកម្ពុជា បានបង្ហាញយ៉ាងច្បាស់ តាមរយៈការឆ្លាក់ចម្លាក់ថ្មដ៏អស្ចារ្យនៅលើប្រាសាទអង្គរ និងរូបបដិមាករដែលមានចម្លាក់យ៉ាងលម្អិត។ នៅស្រុកបន្ទាយស្រី មានសិប្បករច្រើនកន្លែងដូចជានៅភូមិព្រះដាក់មានតម្បាញកន្រ្តក និងជាលដែលស្រាលអាចងាយដឹកជញ្ជូន អាចជាវត្ថុអនុស្សារីយន៍ប្រចាំតំបន់។
ចម្លាក់ពីដើមត្នោតមានភាពរលោងឥតខ្ចោះ អាចជាទម្រសម្រាប់កែវ ចំណែកស្លឹកត្នោតអាចចាក់ជាកន្ទេលសម្រាប់តុបាយដ៏ស្រស់ស្អាត និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ បំពង់ទឹកត្នោត សម្រាប់ត្រងទឹកត្នោតយកមកផលិតទឹកត្នោតជូ និងស្ករក៏ធ្វើពីដើមត្នោតដែរ។
សិប្បកម្មបាយ័នញញឹម ឆ្លាក់ឈើដែលមានគុណភាពខ្ពស់ ដូចជារូបចម្លាក់ព្រះពុទ្ធ ព្រះបែបសាសនាហិណ្ឌូ ព្រះបាទជ័យវរ្ម័នទី៧ និង ចម្លាក់ផ្សេងៗទៀតជាច្រើន។ សិប្បកម្មនេះមានរោងជាងមួយនៅភូមិបន្ទាយស្រី និងហាងតូចមួយនៅប្រាសាទបន្ទាយស្រីផងដែរ។